CEO របស់ Telegram ចេញមកសរសើរគម្រោង Notcoin ដែលមានកាក់ឈ្មោះ NOT

លោក Pavel Durov ដែលជានាយកប្រតិបត្តិរបស់ Telegram បានចេញមកសរសើរគម្រោង Web3 Game ឈ្មោះ Notcoin ក្រោយពេលដែលមានការចែកកាក់ NOT កាលពីម្សិលមិញក្នុង Blockchain ឈ្មោះថា TON ( The Open Network ) ។

លោក Durov បាននិយាយក្នុង Telegram Channel រូបលោកដែលមានសមាជិកជាង 2.5 លាននាក់ថា: Notcoin គឺជាកម្មវិធីក្នុង Telegram ដែលមានអ្នកប្រើប្រាស់ដល់ទៅ 35 លាននាក់ក្រោយពេលបានបើកអោយប្រើប្រាស់ត្រឹមតែ 2 ទៅ 3 ខែ។ ជាមួយនឹងភាពជោគជ័យរបស់ Notcoin បានបង្ហាញអោយឃើញច្បាស់ថា Telegram ក៏ដូចជា TON គឺកន្លែងដែលអ្នកបង្កើត App មិនគួរមើលរំលង។

កាលពីថ្ងៃព្រហស្បត្តិ៏កន្លងមកនេះ Notcoin បានសម្រេចចែកកាក់ជូនអ្នកប្រើប្រាស់ជាផ្លូវការថែមទាំងបានដាក់លក់ក្នុង Crypto Exchange ធំៗយ៉ាងច្រើនផងដែរ។ចំនួនកាក់ដែលបានចែកមានរហូតដល់ទៅ 80 ពាន់លានកាក់។ Notcoin គឺហ្គេមចុចដើម្បីសន្សំពិន្ទុក្រោយមកយកពិន្ទុទៅដូរយកកាក់ក្នុងអត្រា 1000 ពិន្ទុបានកាក់ 1 NOT ។ នៅថ្ងៃបង្កើតកាក់មាន NFT ដែលជា Voucher ដល់ទៅ 800,000 NFT ត្រូវបានប្តូរទៅជាកាក់ NOT។ សរុបមកមានកាក់ចំនួន 72,265,851,714 កាក់ត្រូវបានចែកជូនអ្នកប្រើប្រាស់និងកាក់ដែលបានពីការដូរ Voucher ចំនួន 7,953,370,000 កាក់បានធ្លាក់ក្នុងដៃអ្នកប្រើប្រាស់ដើម្បីយកទៅលក់។

កាក់ NOT មានចំនួនសរុប (Total supply) 102.7 ពាន់លានកាក់ចែកជូនអ្នកប្រើប្រាស់ 78% និង 22% ទុកអោយអ្នកប្រើប្រាស់ថ្មី និងក្រុមការងារទុកអភិវឌ្ឃន៏គម្រោងនេះបន្ត។ ជាមួយនឹងការចែកកាក់ពីម្សិលមិញចំនួនជាង 80 ពាន់លានកាក់ធ្វើអោយ NOT មាន Market Cap ដល់ទៅ 545 លានដុល្លារដែលមានន័យថាពេលវាចែកគ្រប់ចំនួនគឺមាន Market cap ដល់ទៅ 711 លានដុល្លារ។ NOT មានចំនួនការជួញដូរថ្ងៃដំបូងដល់ទៅ 1 ពាន់លានដុល្លារនិងមានចំនួនអ្នកកាន់កាក់នេះដល់ទៅ 678,000 Wallet។

គម្រោង Notcoin ក៏បានវេរកាក់ NOT ចំនួន 1,030,383,291.36 ជូនដល់លោក Durov និង Telegram ផងដែរដើម្បីទុកជាការអរគុណ។

ប្រភព៖ Theblock