SEC ចេញមកដាស់តឿនអ្នកវិនិយោគគ្រ៊ីបតូថ្មី

SEC គឺជាគណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិកដែលមានតួនាទីក្នុងការគ្រប់គ្រងទៅលើមូលធនទាំងអស់របស់សហរដ្ធអាមេរិកបានផ្តល់ភាពព្រួយបារម្ភដល់អ្នកដែលវិនិយោគទៅលើគ្រ៊ីបតូ។ការព្រួយបារម្ភរបស់ SEC គឺមានមូលហេតុ 3 ធំដូចខាងក្រោម។

ទាក់ទងនឹងការអនុលោមតាមច្បាប់(Legal Compliance)

ដោយសារតែគម្រោងគ្រ៊ីបតូមួយចំនួនធំបានផ្តល់សេវាក៏ដូចជាលក់កាក់ដោយមិនបានស្ថិតនៅក្រោមច្បាប់របស់សហរដ្ធនោះទេ។ការដែលមិនស្ថិតនៅក្រោមច្បាប់បែបនេះធ្វើអោយអ្នកវិនិយោគខ្វះពត៍មានដែលសំខាន់និងត្រឹមត្រូវដើម្បីសម្រេចចិត្តធ្វើការវិនិយោគ។រឿងសំខាន់មួយទៀតគឺការធ្វើសវនកម្មដែលភាគច្រើនក្រុមហ៊ុនគ្រ៊ីបតូទាំងនោះមិនបានធ្វើសវនកម្មអោយបានត្រឹមត្រូវនោះទេ។

ទាក់ទងភស្តុតាងនៃទុនបម្រុង(Proof of Reserves)

Proof Of Reserves គឺជាការបង្ហាញថាកាក់របស់អ្នកវិនិយោគគឺត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពដែលអ្នកវិនិយោគអាចចូលមើលទិន្នន័យរបស់កាក់ខ្លួនតាមវេបសាយដែលក្រុមហ៊ុនគ្រ៊ីបតូទាំងនោះចែកជូនបាន។ Proof Of Reserves ត្រូវបានអ្នកវិនិយោគយកចិត្តទុកដាក់ខ្លាំងបន្ទាប់ពី FTX បានលួចយកកាក់អ្នកវិនិយោគទៅប្រើប្រាស់រហូតធ្វើអោយក្រុមហ៊ុនមួយនេះក្ស័យធន។តែរឿងមួយដែល SEC ព្រួយបារម្ភទៅលើ Proof Of Reserves នេះគឺមានក្រុមហ៊ុនខ្លះមិនបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៃរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មនោះទេដែលអាចចេញរបាយការណ៏ដែលមិនត្រឹមត្រូវចែកជូនអ្នកវិនិយោគរបស់ខ្លួន។ដូចគ្នាដែរ SEC ក៏ព្រួយបារម្ភទៅលើការរក្សាការពារកាក់របស់អ្នកវិនិយោគដោយខ្លាចមានការបំពុលទីផ្សារ, កង្វះខាតនៃការត្រួតពិនិត្រពីច្បាប់ និង ការទុកដាក់កាក់ផ្ទាល់តែម្តង។

ការបោកប្រាស់ (Fraud and Scams)

គ្រ៊ីបតូនៅតែជាការព្រួយបារម្ភរបស់ SEC ដោយសារកង្វះខាតការការពារពីសំណាក់ស្ថាប័ន SIPC និង FDIC សហរដ្ធអាមេរិក។ SEC ដាស់តឿនអ្នកវិនិយោគអោយប្រុងប្រយ័ត្នទៅលើការបោកប្រាស់បែប Ponzi និង Pyramid ដោយសារតែវាកើតឡើងញឹកញាប់ក្នុងវិស័យគ្រ៊ីបតូ។ SEC ណែនាំអោយធ្វើការសិក្សាដោយខ្លួនឯងអោយបានច្បាស់មុននឹងធ្វើការវិនិយោគ។

ប្រភព:

Cryptoslate